ខ្សែប្រយុទ្ធ Teerasil Dangda កំពុងតែមានបំណងដណ្តើមឲ្យបានលទ្ធផលមួយ
ឬយ៉ាងហោចណាស់រកបានគ្រាប់បាល់ក្រៅដី នៅពេលដែលក្រុមជម្រើសជាតិថៃ
ធ្វើធំណើរទៅជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងការប្រកួតជើងទី១នៃពាន Suzuki
Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។
ការប្រកួតជើងទី២នៅកីឡដ្ឋានជាតិ Rajamangala ក្នុងរាជធានីបាងកក
នឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។
Teerasil ដែលជាប្រធានក្រុមនៃក្រុមជម្រើសជាតិថៃ បានវិលទៅរកទម្រង់លេងយ៉ាងមុតស្រួចរបស់គេវិញតាមរយៈការរកបានគ្រាប់បាល់បញ្ចូលទី៥គ្រាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដើម្បីបញ្ចប់ការមិនអាចរកគ្រាប់បាល់បញ្ចូលទីជាមួយនឹងក្រុមជម្រើសជាតិ។ រូបគេបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងពេលក្រុមជម្រើសជាតិថៃ យកឈ្នះលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ៤-២ ក្នុងការប្រកួតពាន Suzuki Cup ជុំទី១ ក្រោយពីបានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងពេលថៃ ទទួលបានលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងការប្រកួតជម្រុះ World Cup។ Teerasil បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា៖ «យើងត្រៀមរួចរាល់សម្រាប់ការជួប មីយ៉ាន់ម៉ា។ យើងត្រូវតែព្យាយាមដណ្តើមឲ្យបានលទ្ធផលល្អ ឬក៏រកគ្រាប់បាល់ក្រៅដីក្នុងជើងទី១។
គ្រាប់បាល់នេះនឹងជួយឲ្យយើងមានប្រៀបក្នុងការប្រកួតជើងទី២»។ ក្នុងនាមជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងជំនាន់របស់គេ Teerasil មិនធ្លាប់បានឈ្នះពាន Suzuki Cup ពីមុនមកឡើយ។ រូបគេមិនបានស្ថិតក្នុងក្រុមជម្រើសថៃដែលបានលើកពានប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះឡើយកាលពី២ឆ្នាំមុន។ ជ័យជម្នះនោះបានបញ្ចប់ការមិនឈ្នះពានសោះរបស់ក្រុមជម្រើសជាតិថៃត្រឹមរយៈ១២ឆ្នាំ ក្នុងយុទ្ធនាការប្រចាំតំបន់។ លោក Kiatisak Senamuang គ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃ បានឲ្យដឹងថាកីឡាករមីយ៉ាន់ម៉ា មានភាពខ្លាំង ប៉ុន្តែ លោកជឿជាក់ថា ក្រុមរបស់លោកអាចដោះស្រាយជាមួយនឹងពួកគេបាន។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៦:៣០ល្ងាច៕








0 comments:
Post a Comment