ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្តកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី២២ ធ្នូ នេះ បន្ទាប់ពីបានចាប់រំលោភ លើប្អូនស្រីចិញ្ចឹមរហូត បានសម្រេចជាច្រើនលើកមកនោះ ។
ជនសង្ស័យខាងលើឈ្មោះហ៊ន មេសា (ហៅស្រួច) អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកឯប្អូនស្រីចិញ្ចឹមមានអាយុ១៣ឆ្នាំ ។ ករណីរំលោភសេពសន្ថវៈនេះ ទើបតែត្រូវបែកការណ៍ ក្រោយពេលដែលក្មេងស្រីរងគ្រោះ បានប្រាប់ទៅឪពុកធំរបស់ខ្លួន សកម្មភាពពីបងប្រុសបានចាប់រំលោភ សឹងរាល់ពេលដែលទៅចាំចម្ការ ។ ហើយរាល់ចាប់រំលោភរួចម្តងៗ គឺតែងតែគំរាមមិនឱ្យនាង និយាយប្រាប់អ្នកណាទេ ទើបនាងមិនហ៊ានប្រាប់។
តែដោយសារនាងទ្រាំនឹង សកម្មភាពនេះមិនបានទៀត ទើបនាងប្រាប់ឪពុក និងប្តឹងអាជ្ញាធរឃុំ និងឱ្យសមត្ថកិច្ចឱ្យចាប់ ខ្លួនជននេះតែម្តង ។ ឪពុកធំរបស់ក្មេងស្រីរងគ្រោះ គឺជាអ្នកយកនាង មកចិញ្ចឹមតាំងពីនៅតូចៗ ចំណែកជនសង្ស័យត្រូវជាកូនបង្កើតរបស់ឪពុកធំនាង ដូចនេះ រវាងក្មេងស្រីរងគ្រោះ និងជនសង្ស័យ ត្រូវជាបងប្អូននឹងគ្នា ។
នៅចំពោះមុខនគរបាល ជនសង្ស័យបានបដិសេធថា ខ្លួនមិនបានចាប់រំលោភនោះទេ គ្រាន់តែអោបថើប ស្ទាបអង្អែលលេងតែប៉ុណ្ណោះ ។ ប៉ុន្តែទោះបីយ៉ាងនេះក្តី ក៏ចាប់ខ្លួននិងកសាងសំណុំរឿង បញ្ជូនទៅតុលាការដែរ ។

ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត សន្តិសុខក្រុមហ៊ុន CISS ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះជនរងគ្រោះ, ឃើញកូនម្ចាស់ស្អាត ចាប់ចងដៃចងជើង រំលោភ។
បុរសជាសន្តិសុខ នៅក្រុមហ៊ុន CISS ម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិសែនជ័យ តាមចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រោយពីជនសង្ស័យខាងលើ បានទៅចាប់រំលោភក្មេងស្រីម្នាក់ ដោយធ្វើទារុណកម្មផ្លូវភេទ ចាប់ចងដៃ ចងជើង ហើយប្រើឡាមវះកាត់ខោខាងក្នុង តែមិនបានសម្រេច ក្រោយពីក្មេងស្រីរងគ្រោះស្រែកឲ្យគេជួយទាន់។
អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែទើបនឹងចាប់ខ្លួនបាននៅពេលនេះ។
លោកបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ នី សត្យា អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិសង្កាត់ចោមចៅមុខរបរជា សន្តិសុខក្រុមហ៊ុន CISS ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ ស ណ អាយុ១៧ឆ្នាំ រស់នៅភូមិកាប់ជ្រូក សង្កាត់សំរោងក្រោម ទីដែលជនសង្ស័យធ្វើសកម្មភាព។
បើតាមលោកអធិការ កាលពីថ្ងៃ១៦ ឈានចូលថ្ងៃ១៧ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចសម្ភារ នៅក្នុងផ្ទះជនរងគ្រោះ ប៉ុន្តែពេលចូលធ្វើសកម្មភាពនោះ ស្រាប់តែឃើញក្មេងស្រីរងគ្រោះស្អាត ក៏ទៅចាប់ចងដៃ ចងជើង ហើយយកឡាមវះខោក្នុង ប៉ងចាប់រំលោភ។ ភ្លាមៗនោះក្មេងស្រីរងគ្រោះ បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្តាយ របស់ពួកគេ ទើបជនសង្ស័យរត់គេចខ្លួនតែម្តង។
ក្រោយមានករណីនេះកើតឡើង ខាងភាគីរងគ្រោះបានទូរស័ព្ទទៅលោកផ្ទាល់ ហើយលោកក៏បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវរហូតចាប់ខ្លួនបានតែម្តង។ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតសម្ភារ និងកាតសម្គាល់ខ្លួនជាសន្តិសុខ នៅក្រុមហ៊ុន CISS។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕








